(TEST) សម្តេចតេជោសែន បង្ហាញពីសក្តានុពលកម្ពុជា ប្រាប់ក្រុមធុរកិច្ចអាមេរិក-អាស៊ាន


សម្ដេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បង្ហាញ​ពី​សក្ដានុពល​កម្ពុជា​ ដល់​គណៈ​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន ​ក្នុង​ការ​ជួប​ពិភាក្សា​នា​រសៀល​​ថ្ងៃទី ០៧ ខែ​ឧសភា នេះ ​unicodeនៅ​វិមាន​សន្តិភាព ។ សូម​ជំរាប​ថា គណៈ​ប្រតិភូក្រុម​ប្រឹក្សាធុរ​កិច្ច​អាមេរិក-អាស៊ាន ដែល​បាន​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ​សម្តេច​នាយក​រដ្ឋ មន្ត្រី នា​ពេល​រសៀល​កន្លង​មក​នេះ ដឹកនាំ​ដោយ ​លោក​ជំទាវ កាស្ល៊ីន សានទីឡូ 

    សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា  កម្ពុជា​ជា​ប្រទេស​កសិកម្ម ដូច្នេះ​កម្ពុជា មិន​បាន​បោះបង់​ចោល​ការងារ​កសិកម្ម​នេះទេ ប៉ុន្តែ​កម្ពុជា​បាន​ប្រែក្លាយ​ឱ្យ​ទៅ​ជា​ការងារ​ឧស្សាហកម្ម​មួយ ។ សម្តេច​បាន​មាន​ប្រសាសន៍​ថា មុន​នឹង​ធ្វើ​ការនាំចេញ គឺ​ត្រូវ​បង្កើត​ឱ្យ​មាន​ការ​កែច្នៃ ដើម្បី​បង្កើន​តម្លៃ​បន្ថែម ។ សម្ដេច​បាន​បន្តថា ឥឡូវ​នេះ នយោបាយ​កសិកម្ម​គឺ​បន្ត​ជំរុញ​ឱ្យ​ទៅ​ជា​ឧស្សាហកម្ម​ជឿនលឿន​ រួមទាំង​សេវាកម្ម​ថែមទៀត ។

សម្ដេចតេជោ​​បាន​ថ្លែងថា សព្វ​ថ្ងៃ​នេះ សេដ្ឋកិច្ច​កម្ពុជា​គឺ​កំពុង​ជំរុញ​ទៅ​លើ​ការ​នាំចេញ​ផលិតផល​មួយ​ចំនួន​ ដូចជា ការ​នាំចេញ​អង្ករ​… ការ​នាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​ជាដើម ហើយ​គោល​នយោបាយ​របស់​កម្ពុជា គឺចង់​ឱ្យ​មាន​ការ​បង្កើន​ឧស្សាហកម្ម​ ដែល​មាន​ចរិត​ជាសកល និង​ចង់​បាន​ការ​វិនិយោគ​បន្ថែម​ទៀត ។ សម្ដេច​បាន​បញ្ជាក់ថា សក្ដានុពល​របស់​កម្ពុជា​ គឺមាន​ពលកម្ម​ដែល​មាន​វ័យក្មេង​ច្រើន ក៏​ប៉ុន្តែ​ខ្វះ​ជំនាញ ។ កម្ពុជា​ក៏កំពុង​ខិតខំ​បណ្តុះបណ្តាល​ពួកគេ​ឱ្យមាន​ជំនាញ ដែល​ទាំងនេះ​ ក៏​ជា​កត្តាទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​នៅ​កម្ពុជា​ផងដែរ ។​

សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍ ​ប្រាប់​ទៅ​គណៈ​ប្រតិភូ​ក្រុមប្រឹក្សាធុរកិច្ច​អាមេរិក-អាស៊ាន ​ទៀតថា កម្ពុជា​បាន​ និង​កំពុង​ពង្រឹង​ហេដ្ឋារចនា សម្ព័ន្ធ​ដឹកជញ្ជូន​ដែល​កំពុង​សាងសង់ ហើយ​ឥឡូវនេះ មាន​ផ្លូវ​ថ្នល់​ល្អៗ​ជាច្រើន ​រួម​ទាំង​ផ្លូវរថភ្លើង​ផងដែរ ។ ទាក់ទង​ពី​បញ្ហា​អគ្គិសនី សម្តេច​បាន​មាន​ប្រសាសន៍​ថា ចំណែក​តម្លៃ​អគ្គីសនី​វិញ ក៏​កាន់​តែ​មាន​តម្លៃ​ទាបទៅៗ ដោយ​សារ​ទន្ទឹម​នឹង​ប្រភព​វារីអគ្គិសនី កម្ពុជា​ក៏​នៅ​មាន​អគ្គិសនី​ដើរដោយ​ធ្យូងថ្ម ដែល​ទាំង​អស់នេះ បាន​លើក​ទឹកចិត្ត​សម្រាប់​អ្នក​វិនិយោគ​ថែមទៀត ។

សម្តេច​បាន​មាន​ប្រសាសន៍​បន្តថា ក្រៅពីនេះ កម្ពុជា​​ក៏បាន​កែ​សម្រួល​បរិយាកាស​សម្រាប់​អ្នក​វិនិយោគ ដែល​ក្នុង​នោះ​ គឺមាន​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ត្រូវ​អនុវត្ត​នៅ​ចុងឆ្នាំ​នេះ ដោយ​សម្ដេច​បាន​បញ្ជា​ឱ្យរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ជំរុញ​ការ​អនុវត្តតាម​ប្រព័ន្ធ​នេះ ដែល​នេះ​ក៏ជាការ​លើកទឹកចិត្ត​ដើម្បី​ឱ្យ​អ្នក​វិនិយោគ​មាន​ទំនុកចិត្ត ប្រកប​ដោយ​ភាពងាយ​ស្រួល ​ព្រមទាំង​មាន​ការ​កាត់ចោល​ស្ថាប័នខ្លះ ដើម្បី​កុំឱ្យមាន​ភាព​ការិយា​ធិបតេយ្យ​កើតឡើង ។