ខេត្តព្រះសីហនុ ប្រារព្ធមីទ្ទិញរំលឹកខួបលើកទី៣៨ អបអរទិវាជ័យជំនះ ថ្ងៃ៧មករា (៧.០១.១៩៧៩  ៧.០១.២០១៧ )


ខេត្តព្រះសីហនុ ប្រារព្ធមីទ្ទិញរំលឹកខួបលើកទី៣៨ អបអរទិវាជ័យជំនះ

ថ្ងៃ៧មករា (៧.០១.១៩៧៩  ៧.០១.២០១៧ )

នៅខេត្តព្រះសីហនុ ដោយមានការចូលរួមគាំទ្រពីមហាជន យ៉ាងច្រើនកុះករ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំ មីទ្ទិញអបអរសាទររំលឹកនូវខួបអនុស្សាវរីយ៍ លើកទី៣៨ នៃទិវាជ័យជំនះ៧មករា កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រះសីហនុ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនេះ បានអានសន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំលឹកខួបលើកទី៣៨ នៃទិវាជ័យជំនះ៧មករា ដែលមានខ្លឹមសារជាអាទិ៍ថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៍ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍភាពសង្គម។ នៅក្នុងឱកាស ដ៏ឧត្តុងឧត្តមនេះ ក្នុងសន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង គារវភក្តីភាព និងកតញូតាធ័មដ៍ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសការៈដ៏ខ្ពង់ខ្ពស់បំផុត។ ឆ្លងកាត់រយៈពេល ៣៨ឆ្នាំមកនេះ ផ្ដើមចេញពីថ្ងៃជ័យជំនះ៧មករា ប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខ តាមទិសដៅដ៏ត្រឹមត្រូវ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងដើរស្របជាមួយនិន្នាការរួមក្នុងតំបន់ ក៏ដូចពិភពលោក។ ស្មារតីជ័យជំនះ៧មករាស្ថិតស្ថេរនិងរស់រវើកជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត ស្មារតី៧មករា ជាពន្លឺបង្ហាញផ្លូវយើង អោយឆ្លងកាត់ គ្រប់ឧបសគ្គ និងការលំបាកនានាឆ្ពោះទៅរកជ័យជំនះ គ្មានទីបញ្ចប់ ស្មារតី ៧មករា គឺជាស្មារតី សន្តិភាព និងការរួបរួមជាតិ ជាស្មារតីម្ចាស់ប្រទេស របស់ប្រជាជនកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន មានប្រសាសន៍ រំលឹកឡើងអំពីគុណូបការៈដ៍ថ្លៃថ្លារបស់គណៈបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គទាំង៣ ជាមគ្គទេស ដឹកនាំ បានធ្វើសកម្មភាពជំនះគ្រប់ការលំបាកដឹកនាំការតស៊ូ រំដោះប្រទេសជាតិ ពីគ្រោះប្រល័យពូជសាសន៍ និងបានបន្តដឹកនាំប្រទេសកម្ពុជា អោយមានសុខ សន្តិភាព ពេញផ្ទៃប្រទេសព្រមនិងការអភិវឌ្ឍន៍ជាតិ មាតុភូមិរហូតមកដល់បច្ចុប្បន្ន ដែលស្ដែងអោយឃើញថា បើគ្នានថ្ងៃ៧មករាឆ្នាំ១៩៧៩ គឺគ្មានអ្វីៗទាំងអស់ សម្រាប់បច្ចុប្បន្ននេះឡើយ។